អំពី នីលីដា

ក្រុមហ៊ុននីលីដា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ជាសហគ្រាសពាណិជ្ជកម្មលើផលិតផលធាតុចូលកសិកម្ម ដែលមានបេសកកម្មជួយជ្រោមជ្រែងកសិករនិងក្រុមគ្រួសាររបស់ពួកគេឱ្យមានជីវភាពល្អនិងប្រាក់ចំណូលកាន់តែប្រសើរ។ ក្រុមហ៊ុននីលីដា បង្កើតឡើងដោយ លោក កាំង វណ្ណៈ ដែលអតីតកាលធ្លាប់ជាអ្នកបម្រើការងារឱ្យស្ថាប័ន IFC-MPDF និង អង្គការអភិវឌ្ឍន៍របស់ប្រទេសហូឡង់ SNV ។
បន្ទាប់ពីធ្វើការនៅកម្រិតមូលដ្ឋានអស់រយៈពេលជាច្រើនឆ្នាំ លោក កាំង វណ្ណៈ បានមើលឃើញថា ភាពក្រីក្រគឺជា បញ្ហាចម្បងនៅក្នុងតំបន់ជនបទនៃព្រះរាជាណាចក្រកម្ពុជា។ នៅពេលនោះហើយដែលគាត់បានសម្រេចចិត្តថាត្រូវ ធ្វើអ្វីមួយដើម្បីជួយដោះស្រាយបញ្ហានេះ ដោយបានបង្កើតក្រុមហ៊ុននីលីដាឡើង ដោយកំណត់គោលដៅ ជាអ្នក ចែកចាយផលិតផលធាតុចូលកសិកម្មប្រកបដោយគុណភាពខ្ពស់ រួមមានថ្នាំកសិកម្ម ជីបំប៉ន និងគ្រាប់ពូជជាដើម។
ក្រុមហ៊ុនប្រើវិធីសាស្ត្រជាច្រើនដើម្បីដោះស្រាយបញ្ហាចំណេះដឹងកសិករនៅទាបចំពោះវិធីសាស្ត្រកសិកម្មទំនើប រួមមានការដាក់ពង្រាយអ្នកជំនាញខាងកសិកម្មនិងអ្នកឯកទេសការពាររុក្ខជាតិឱ្យធ្វើការដោយផ្ទាល់ជាមួយអ្នកចែក ចាយនិងកសិកររបស់យើង។
ក្រុមហ៊ុនមានការយកចិត្តទុកដាក់ខ្ពស់ចំពោះដំណោះស្រាយនានា ដើម្បីធានាថាកសិកររបស់យើងអាចយល់ដឹង ពីរបៀបប្រើប្រាស់ផលិតផលកសិកម្មតាមគោលការណ៍ប្រសិទ្ធភាពទាំង៥ ដែលរួមមាន៖ ការប្រើប្រាស់តែប្រភេទថ្នាំ ដែលមានគុណភាពពិតប្រាកដ ការផ្តោតអារម្មណ៍ទៅលើបញ្ហាដែលប្រឈមជាក់លាក់ ការប្រើប្រាស់ថ្នាំត្រូវតាម ពេលវេលា និងការប្រើប្រាស់ចំណុះថ្នាំត្រឹមត្រូវតាមកំណត់លក្ខណៈបច្ចេកទេស ដើម្បីឱ្យដំណាំទទួលបានទិន្នផល ខ្ពស់ ហើយផលដំណាំមានសុវត្ថិភាព និងចំណាយតិច។
ការគិតគូទាំងប៉ុន្មានចំណុចខាងលើនៅមិនគ្រប់គ្រាន់នៅឡើយទេ ព្រោះកសិករនៅតែប្រឈមនឹងបញ្ហាទីផ្សារ កសិផលរបស់ពួកគេ។ កសិករអាចផលិតកសិផលរបស់ពួកគេបានច្រើនប៉ុន្តែមិនដឹងថាត្រូវលក់កន្លែងណាបានថ្លៃ ខ្ពស់និងប្រាក់ចំណេញច្រើន។ នីលីដាមានគម្រោងនឹងបើកដំណើរការក្រុមហ៊ុនលក់ដុំដែលផ្តោតលើខ្សែសង្វាក់ចែកចាយបន្លែនិងផ្លែឈើ។ យើងនឹងបង្រៀនកសិករឱ្យដាំបន្លែនិងផ្លែឈើរបស់ពួកគេហើយទិញពីពួកគេជាមួយនឹងអត្រាកិច្ចសន្យាដើម្បីធានានូវតម្លៃនៃផលិតផលរបស់ពួកគេ។ យើងនឹងផ្គត់ផ្គង់កសិផលទាំងនោះដល់សណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់រាយ ផ្សារទំនើប និងផ្សារទូទៅ នៅរាជធានីភ្នំពេញនិងខេត្តសៀមរាប។
យើងព្យាយាមជួយកសិករដែលជាអតិថិជនរបស់យើង ដោយលក់តែផលិតផលមុខចូលកសិកម្មដែលមាន គុណភាពល្អដល់ប្រជាកសិករដោយមិនបន្លំ។

អានបន្ត...

មតិយោបល់ របស់អ្នកប្រើប្រាស់